មូលនិធិព្រីនស៍ ចូលរួមក្នុងការថែទាំសុខភាពកុមារនៅកម្ពុជា

Categories
2022 ESG

[ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២] អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ មូលនិធិព្រីនស៍ ក្នុងចូលរួមចំណែកដល់មូលនិធិគន្ធបុប្ផាកម្ពុជា(CKF)។ ការបរិច្ចាគនេះគឺសម្រាប់ប្រតិបត្តិការនានារបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីប្រគល់-ទទួលនេះ ប្រតិភូតំណាងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលព័ត៌មានសង្ខេបអំពីការអភិវឌ្ឍនានា និងវឌ្ឍនភាពចុងក្រោយបង្អស់ដែលទទួលបានពីការបរិច្ចាគកន្លងមក។ មន្ទីពេទ្យគន្ធបុប្ផា បានជួយកុមារប្រមាណជាង ៥០០,០០០នាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ គូសបញ្ជាក់ថា សាច់ប្រាក់ដែលបានបរិច្ចាគនេះនឹងត្រូវយកទៅប្រើប្រាស់លើការកែលម្អបរិក្ខារមន្ទីរពេទ្យកុមារចំនួនប្រាំ ការតម្លើងគ្រឿងឧបករណ៍ទំនើបៗ និងការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្រ្តពេទ្យនានា។ ការបរិច្ចាគនេះក៏នឹងជួយបន្ថែមដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យផងដែរ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកផ្នែកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា៖ «ការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយសប្បុរសជាច្រើនរបស់យើងបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងទៅលើជីវិតរបស់កុមារជាច្រើននៅកម្ពុជា។ យើងមានជំនឿថា កុមារគ្រប់រូបគួរតែទទួលបានការថែទាំសុខភាពដ៏ត្រឹមត្រូវ ហើយយើងមានសេចក្តីសោមន្សរីករាយដែលកុមារមកពីគ្រប់មជ្ឈដ្ឋានទទួលបានការព្យាបាលប្រកបដោយគុណភាពនៅមន្ទីរពេទ្យរបស់យើង។»

ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «មន្ទីរពេទ្យទាំងនេះ បានផ្តល់ការជួយសង្គ្រោះជីវិតដល់កុមារជាច្រើន ហើយយើងខ្ញុំមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃបុព្វហេតុនេះ។ យើងទាំងអស់គ្នាចូលរួមធ្វើការរួមគ្នាក្នុងការកសាងបរិយាកាសប្រកបដោយសុវត្ថិភាព និងសុខដុមរមនាសម្រាប់ការលូតលាស់របស់កុមារ ដែលពួកគេអាចកសាងអនាគតរបស់ពួកគេដោយក្តីសង្ឃឹម និងស្នាមញញឹម។»

គូសបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាននឹងកំពុងគាំទ្រយ៉ាងសកម្មដល់មន្ទីពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយមានការបរិច្ចាគសរុបជិត ១លានដុល្លារសហរដ្ឋអាមេរិក។ 

មូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌របស់គ្រុប មានចក្ខុវិស័យយកចិត្តទុកដាក់លើការថែទាំសុខភាព និងការអភិវឌ្ឍយុវជន ដោយបានជួយដល់ការពង្រឹងផ្នែកអនាម័យនៅតាមសាលារៀននានាក្នុងក្រុងព្រះសីហនុ និងបានផ្ដល់កម្មវិធីអាហារូបករណ៍ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រផងដែរ។ មូលនិធិក៏បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលឈានមុខនានាដើម្បីស្វែងរកឱកាសក្នុងការចូលរួមកសាងអនាគតដ៏ល្អប្រសើររួមគ្នាសម្រាប់កម្ពុជា។

អំពីមូលនិធិគន្ធបុប្ផាកម្ពុជា៖

មូលនិធិគន្ធបុប្ផាកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងទម្រង់ជាមូលនិធិបរធនបាលកិច្ច ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយស។ មូលនិធិគន្ធបុប្ផាកម្ពុជា មានគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់និរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកកម្ពស់ការថែទាំសុខភាព និងសុខុមាលភាពរបស់មាតា ទារក ដែលជាអាទិភាពសំខាន់នៃក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។