ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបង្ហាញនិងប្រគល់នាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ ២៥ គ្រឿងប៉ុណ្ណោះ ជូនជាអំណោយដល់ថ្នាក់ដឹកនាំពិភពលោកនានាដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
នាឡិកាដៃ ASEAN Lotus Tourbillion ត្រូវបានរចនានិងផ្តុំឡើងជាពិសេស ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតនាឡិកានៅកម្ពុជា ដែលនាឡិកាដៃប្រណិតប្រភេទ ASEAN Lotus Tourbillion នេះ បានបញ្ជាក់អំពីស្មារតីនៃការរួបរួមរបស់ប្រទេសជាសមាជិកអាស៊ានដែលមិនអាចកាត់ថ្លៃបាន និងជាតំណាងនៃកម្លាំងចលនាដ៏មុតមាំក្នុងការជំនះគ្រប់ឧបសគ្គ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រទេសជាសមាជិក និងប្រទេសជាដៃគូសន្ទនាទាំងអស់។ ជាមួយគ្នានេះ នាឡិកាដៃចំនួន ២៥គ្រឿងនេះ គឺជាអំណោយចំណងអនុស្សាវរីយ៍សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន គឺជាឆ្នាំមួយដែលត្រូវបានសម្គាល់ដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដៃគូខាងក្រៅនានា និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាឡិកាដៃដ៏ល្អប្រណិតនេះ ត្រូវបានរចនាឡើងតាមបែបសិល្បៈយ៉ាងល្អឥតខ្ចោះសម្រាប់ជាអំណោយអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។»
ជាមួយគ្នានេះ លោក Sack-Man Loui នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា បានថ្លែងថា៖ « ការផ្តោតសំខាន់ចំបងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា គឺមានទំនួលខុសត្រូវក្នុងការផលិតនាឡិកាដៃប្រណិតដែលមានចំនួនកំណត់ និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ក៏ដូចជាបង្កើតផ្លូវអាជីពថ្មីមួយសម្រាប់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ និងមានចំណាប់អារម្មណ៍ក្នុងជំនាញផ្នែកផលិតនាឡិកាដ៏ល្អប្រណិត។ »
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា គឺជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ធនធានមនុស្សដ៏សំខាន់ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីបណ្តុះបណ្តាលជំនាញផលិតនាឡិកាដ៏ពិសេសនៅកម្ពុជា ដោយផ្តល់ជូនកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ក្នុងរយៈពេល ៣៤០០ម៉ោង ទៅលើមុខវិជ្ជាមីក្រូមេកានិក និងមុខវិជ្ជាផលិតនាឡិកាដែលបង្រៀនស្របតាមស្តង់ដារអន្តរជាតិ។ ថ្មីៗនេះ សិស្សនិស្សិតកម្ពុជាដែលមានទេពកោសល្យចំនួន ៦នាក់ បានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេលពីរឆ្នាំ ក្រោមការផ្ដល់ជូនអាហារូបករណ៍ពេញលេញ និងទទួលបានការបង្រៀនពីសាស្រ្តាចារ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសស្វីស។ ក្រុមសិស្សនិស្សិតនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា សម្រាប់វគ្គបន្ទាប់នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ពួកគេនៅខែមករា ឆ្នាំ ២០២៣។
អំពីនាឡិកាដៃ ASEAN Lotus Tourbillion
នាឡិកាដ៏ប្រណិតនេះត្រូវបានរចនាឡើងដោយការបំផុសគំនិតតាមនិមិត្តសញ្ញាផ្កាឈូក ដែលជានិមិត្តសញ្ញាតំណាងឱ្យកម្ពុជាជាប្រធានអាស៊ាន ព្រមទាំងតំណាងឱ្យភាពបរិសុទ្ធ និងភាពរឹងមាំ។
ជាមួយនឹងមូលបទ មជ្ឈភាពអាស៊ាន ការតាក់តែងយ៉ាងម៉ត់ចត់នៃត្របកផ្កាទាំង ១០ បង្កប់នូវ ស្មារតី និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិអាស៊ានទាំង ១០ ដែលចងភ្ជាប់ជាមួយគ្នាដោយមិត្តភាព និងសាមគ្គីភាព ជាមួយនឹងគោលដៅរួមនៃការជម្នះរាល់បញ្ហាប្រឈមនានាដើម្បីធានាបាននូវការអភិវឌ្ឍរួម និងប្រកបដោយនិរន្តរភាពនៃសហគមន៍អាស៊ាន។
នាឡិកាដៃដ៏ប្រណិតនីមួយៗ ស្រោបដោយដែកកម្រាស់ ៤៣.៥ មីលីម៉ែត្រ រួមជាមួយនឹងការបំពាក់ដោយត្បូងកណ្តៀងគ្រីស្តាស់ ដែលរំលេចនៅផ្នែកខាងមុខនៃផ្ទៃខាងក្រោយសំបកនាឡិកា។ នាឡិកាដៃមានពណ៍ស្រាសាំប៉ាញ់ (The champagne dial) ជាមួយនឹងសន្ទស្សន៍ស្រោបមាស រំលេចក្រោមទ្រនិចវិនាទីនៅត្រង់សន្ទស្សន៍លេខ៦ តុបតែងជាមួយនឹងការរចនាជាផ្កាឈូក។
ASEAN Lotus Tourbillon ធ្វើឡើងពីចលនាមេកានិចខ្យល់ដោយដៃផ្ទាល់ ដែលអាចផ្តល់ថាមពលបង្វិល (Tourbillon) ដំណើរការសម្រាប់រយៈពេល៦០វិនាទី។ វាមានថាមពលបម្រុងរហូតដល់៤៨ម៉ោង និងថាមពលដំណើរការនៅប្រេកង់ ៣ហឺត។ នាឡិកាដៃដ៏ប្រណិតនេះមានរចនាតាមបទបែបបុរាណ មានភាពថ្លៃថ្លូរ និងជាទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់។