អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Bronze Stevie® Awards ក្នុងប្រភេទ ក្រុមហ៊ុនប្រចាំឆ្នាំ និងក្នុងប្រភេទ សាជីវកម្មដ៏មានការទទួលខុសត្រូវសង្គមបំផុតឆ្លើយតបទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ ផងដែរ។ ហើយគ្រុប ក៏បានទទួលកំណត់ត្រាឈ្នះពានរង្វាន់ចំនួន១០ ជាប់ៗគ្នាក្នុងឆ្នាំនេះ។
អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិនកម្ពុជាមួយរូប គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួនក្នុងការផ្ដោតសំខាន់ទៅលើវិស័យស្នូលសំខាន់ៗចំនួន៣ ដែលរួមមាន ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ការផ្ដល់ជូនសេវាកម្មហរិញ្ញវត្ថុ និងការបម្រើសេវាអតិថិជន។ ជាមួយគ្នានេះ លោកក៏ជាស្ថាបនិកនៃ មូលនិធិព្រីនស៍ ដែលជាមូលនិធិសាជីវកម្មដីល្បីមួយដែលបានផ្តួចផ្ដើមនូវសកម្មភាពសង្គមនានាក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍តាមរយៈភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជន។
ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងផ្សេងៗនៅប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិធានការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅកម្ពុជា ក្នុងការកាត់បន្ថយឱ្យមានការរំខានដល់អាជីវកម្មតិចតួចបំផុតសម្រាប់ការបញ្ចប់គម្រោងផ្សារទំនើប លំនៅដ្ឋាន និងពាណិជ្ជកម្មឱ្យបានទាន់ពេលវេលានៅទូទាំងប្រទេសកម្ពុជា ទោះបីមានវិបត្តិនៃជម្ងឺរាតត្បាតក៏ដោយ។
គណកម្មការនៃកម្មវិធីបានមានប្រសាសន៍ថា “អ្នកឧកញ៉ា ចេន ហ្ស៊ី បានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនៅកម្ពុជា ដោយលោកបានប្រមូលផ្តុំថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗជាច្រើន ក្នុងការជួយអភិវឌ្ឍន៍សហគមន៍ តាមរយៈការផ្តល់ជូននូវលំនៅដ្ឋានដែលមានតម្លៃសមរម្យ ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ សកម្មភាពសប្បុរសធម៌ ការសិក្សាអប់រំ និងការផ្តល់ឱកាសការងារដល់ក្មេងៗជំនាន់ក្រោយ”។
គណកម្មការនៃកម្មវិធីបានបន្តថា “ដោយមានចក្ខុវិស័យរយៈពេលជាង ៣០ឆ្នាំ កន្លងមករបស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការនាំមកជូននូវលំនៅដ្ឋានដែលមានតម្រូវការខ្ពស់ និងការរួមចំណែកដល់យុទ្ធសាស្ត្រដែលប្រកបដោយនិរន្តរភាពសម្រាប់ដំណើរឆ្ពោះទៅរក Net Zero (ការសម្រេចបាននូវតុល្យភាពរវាងបរិមាណនៃការបំភាយឧស្ម័នដែលបានផលិត និងការបញ្ចេញចេញពីបរិយាកាស ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី) គឺជាគោលដៅដ៏គួរឱ្យកោតស្ញប់ស្ញែង និងជាមធ្យោបាយមួយដើម្បីនាំមកនូវការច្នៃប្រឌិត និងវិបុលភាពដល់ប្រទេសកម្ពុជាទាំងមូល”។
Chen Zhi ត្រូវបានគាំទ្រដោយក្រុមអ្នកគ្រប់គ្រងអន្តរជាតិជាន់ខ្ពស់ដែលដឹកនាំប្រតិបត្តិការនៅបណ្តាធនាគារ អចលនទ្រព្យ និងការគ្រប់គ្រងការវិនិយោគ។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ពានរង្វាន់ទាំងនេះបង្ហាញពីឆន្ទៈ និងការតស៊ូរបស់យើងក្នុងគោលបំណងធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមានទៅកាន់សង្គមកម្ពុជា”។ លោកបានបន្តថា “រាល់កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់នឹងមិនអាចកើតឡើងបានទេបើគ្មានការគាំទ្រពីសហគមន៍ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនដែលជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុន”។
កាលពីឆ្នាំមុន អ្នកឧកញ៉ា ចេន ហ្ស៊ី បានចុះហត្ថលេខាលើការចាប់ផ្តើមនៃកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគំនិតផ្តួចផ្តើមមួយដែលមូលនិធិរបស់ក្រុមហ៊ុន បានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នឧត្តមសិក្សាកំពូលៗក្នុងស្រុក ដើម្បីចាប់ផ្តើមកម្មវិធីអាហារូបករណ៍ដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក សម្រាប់សិស្ស ៤០០នាក់ ដែលកម្មវិធីនេះមានរយៈពេល ៧ឆ្នាំ។