សិស្សវិទ្យាល័យដែលគាំទ្រដោយ អង្គការ Caring for Cambodia ចុះទស្សនកិច្ចសិក្សានៅទីស្នាក់ការក​ណ្តា​លនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប

Categories
2022 ESG

មូលនិធិព្រីនស៍ បានទទួលស្វាគមន៍សិស្សវិទ្យាល័យ និងណែនាំយុវជនកម្ពុជាដែលមានទេពកោសល្យកំពុងធ្វើការនៅក្រុមហ៊ុន។

សិស្សានុសិស្សចំនួន១២នាក់ និងសមាជិក២នាក់មកពីអង្គការ Caring for Cambodia (CFC) ដឹកនាំដោយលោកស្រី Rebecca Large នាយករងប្រចាំប្រទេសនៃអង្គការ CFC ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រីនស៍ ហូលឌីង គ្រុបនិង មូលនិធិព្រីនស៍នៅទីស្នាក់ការកណ្តាលរបស់ខ្លួនដែលមានទីតាំងនៅកោះពេជ្រ រាជធានីភ្នំពេញ។

សិស្សានុសិស្សទាំងនេះមកពីវិទ្យាល័យចំនួន២ ដែលកំពុងដំណើរការក្រោមកម្មវិធីត្រៀមរៀបចំអាជីពការងារនៅខេត្តសៀមរាប ប្រទេសកម្ពុជា ឧបត្ថម្ភដោយក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។

តំណាងមូលនិធិព្រីនស៍បានសំណេះសំណាលទៅកាន់សិស្សានុសិស្ស និងពន្យល់ពីតម្រូវការសម្រាប់ការរៀនជំនាញបន្ថែមនៅទូទាំងប្រទេសកម្ពុជា។ វគ្គចែករំលែកដែលមានរយៈពេលប្រមាណកន្លះម៉ោង ដោយបុគ្គលិកថ្មី និងអ្នកហាត់ការ បានធ្វើបទបង្ហាញអំពីរបៀបដែលអ្នកណែនាំអន្តរជាតិ និងក្នុងស្រុកនៅក្នុងក្រុមបានជួយពួកគេឱ្យរីកចម្រើន ហើយត្រៀមខ្លួនបន្ថែមទៀតសម្រាប់ពេលអនាគត។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ការបំផុសគំនិតគឺដូចជាគ្រាប់ពូជដែលត្រូវការដាំ” ។ “ពួកយើងសង្ឃឹមថាដំណើរទស្សនកិច្ចមកកាន់ទីស្នាក់ការកណ្តាលរបស់យើង និងការផ្លាស់ប្តូរបទពិសោធន៍ពីបុគ្គលិកវ័យក្មេងរបស់យើងអាចជម្រុញសិស្សានុសិស្សទាំងនេះឱ្យបន្តការសិក្សាក្រោយថ្នាក់មធ្យមសិក្សារបស់ពួកគេ”។

កាលពីដើមឆ្នាំនេះ លោក Bryan Morytko នាយកប្រតិបត្តិនៃអង្គការ CFC បានមកទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន បន្ទាប់ពីប្រទេសកម្ពុជាបានបើកច្រកអន្តរជាតិរបស់ខ្លួនឡើងវិញ។ អ្នក​ទាំង​ពីរ​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​បន្តប្តេជ្ញា​ចិត្ត​​របស់​ខ្លួន​ចំពោះ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​បន្ត​សហការ​គ្នា​តាម​រយៈ​កម្មវិធីត្រៀមរៀបចំអាជីពការងារ។

លោកស្រី Rebecca Large បានមានប្រសាសន៍ថា “ពួកយើងមានសេចក្តីសោមន្សរីករាយដែលត្រូវបានអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងណែនាំសិស្សានុសិស្សរបស់យើងអំពីបរិយាកាសការងារថ្មី” ។ “ការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំគឺជាដំណើរការបន្ត ហើយយើងសូមកោតសរសើរយ៉ាងខ្លាំងក្លាចំពោះគំនិតផ្តួចផ្តើមសាជីវកម្មបែបនេះ”។