មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតនាឡិកាស្វីសដំបូងគេ និងតែមួយគត់របស់ទីក្រុងភ្នំពេញ @Prince Horology ពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (@Ministry of Foreign Affairs and International Cooperation – MFAIC) ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ផល្លា ទីប្រឹក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម សន ច័ន្ទរិទ្ធី ទីប្រឹក្សា និងប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។
គណៈប្រតិភូទាំងអស់ត្រូវបានទទួលស្វាគមន៍ដោយលោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប និងលោក Maarten Pieters ជាគ្រូបង្ហាត់ជនជាតិស្វីសដែលបានធ្វើបទបង្ហាញអំពីសាលា។ នៅក្នុងដំណើរទស្សនកិច្ចនេះ មន្ត្រីជាន់ខ្ពស់ក៏បានជួបជាមួយយុវជនកម្ពុជាដែលជាសិស្សកំពុងសិក្សាពីផលិតនាឡិកាស្វីសផងដែរ។
ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានដឹងថាមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈនាឡិកាព្រីនស៍ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ដើម្បីផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកការផលិតនាឡិកាស្វីស។ ខ្ញុំពិតជារំភើបណាស់ដែលសាលាបានបណ្តុះបណ្តាលយុវជនកម្ពុជាដែលមានទេពកោសល្យ ៦ នាក់ ដែលឧស្សាហ៍ព្យាយាម និងប្រាថ្នាចង់បញ្ចប់ការសិក្សាជាអ្នកឯកទេសផលិតនាឡិកាស្វីស។ នេះជាមោទនភាពសម្រាប់កម្ពុជា!”។
ជាមួយគ្នានេះលោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ដោយកម្ពុជាកាន់តំណែងជាប្រធានកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំនេះ យើងទន្ទឹងរង់ចាំរួមចំណែកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមចំណែកក្នុងការធានាឱ្យព្រឹត្តិការណ៍អន្តរជាតិនេះ ទទួលបាននូវភាពជោគជ័យ និងនាំមកនូវមោទនភាពដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាដូចដែលយើងកំពុងព្យាយាមសម្រេចបានដូចគ្នានៅទីនេះតាមរយៈ Prince Horology”។
នៅ ព្រីនស៍ ហូលឌីង គ្រុប យើងមានមោទនភាពក្នុងការចូលរួមចំណែកការបណ្តុះទេពកោសល្យដល់យុវជនក្នុងស្រុកដែលនឹងរួមចំណែកឆ្ពោះទៅរកការកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា។
#phg #mfaic #កម្ពុជា #មូលនិធិព្រីនស៍