មូលនិធិព្រីនស៍ បានបញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

Categories
2024 CSR

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យអប់រំ របស់ប្រទេសកម្ពុជា មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នាពេលថ្មីៗនេះ បានធ្វើបទសម្ភាសន៍វគ្គចុងក្រោយសម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ របស់ខ្លួន។

គំនិតផ្តួចផ្តើមនេះដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង ទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់គ្រប់គ្រងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដោយផ្ទាល់ផងដែរ មិនត្រឹមតែ ជួយបង់ថ្លៃសិក្សារយៈពេល ៤ ឆ្នាំ សម្រាប់និស្សិតប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ នេះជាឱកាសសម្រាប់សិស្សនិសិ្សតអាចបន្តការសិក្សានៅសាកលវិទ្យាល័យកំពូលៗនៅកម្ពុជាដោយមិនមានកង្វល់លើផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

នៅឆ្នាំនេះ គណៈកម្មាធិការអាហារូបករណ៍បានកំណត់ជ្រើសរើសបេក្ខជនចុងក្រោយចំនួន ១០០ នាក់ ដែលត្រូវ បានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ក្នុងចំណោមបេក្ខជនសរុបចំនួន ១៩០០ នាក់ ដោយក្នុងនោះយើងផ្តោតលើ បេក្ខជនដែលបានបង្ហាញនូវឆន្ទៈដ៏មោះមុត ក្នុងការរួមចំណែកដល់អនាគតរបស់ប្រទេសកម្ពុជា តាមរយៈការបេជ្ញាចិត្ត លើមុខជំនាញសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សានានា។ ការសម្ភាសន៍ចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅ ទីស្នាក់ការកណ្តាលរបស់ ព្រីនស៍ ហូលឌីង គ្រុប ដោយមានជំនួយស្ម័គ្រចិត្តពីនិសិ្សតអាហារូបករណ៍ជំនាន់ទី១ និងជំនាន់ទី២ ជាច្រើនផងដែរ។

យើងពិតជាមានសេចក្តីសោមន្សរីករាយដែលមានការគោរពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងថ្ងៃសម្ភាសន៍អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣។ ឯកឧត្តមបានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមមួយនេះសម្រាប់ការដើរស្របតាមគោលដៅអភិវឌ្ឍន៍លើវិស័យ អប់រំជាតិផងដែរ។

ឯកឧត្តម សាន វឌ្ឍនា មានប្រសាសន៍ថា «អាហារូបករណ៍ ចេន ហ្ស៊ី តំណាងឱ្យការបោះជំហាន យ៉ាងសំខាន់ឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់យុវជនរបស់យើង និងការដឹកនាំប្រទេសជាតិរបស់យើងឆ្ពោះ ទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។»

ឯកឧត្តមមានប្រសាសន៍បន្ថែមថា «យើងមានមោទនភាពដែលបានចាប់ដៃគូជាមួយសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង មូលនិធិព្រីនស៍ ហើយយើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបង្កើតឱកាសនានា សម្រាប់ និស្សិតកម្ពុជាដែលមានទេពកោសល្យ។»

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលស្គាល់ពីជីវប្រវត្តិ និងសេចក្តីប្រាថ្នាផ្សេងៗគ្នារបស់បេក្ខជននីមួយៗនៅក្នុងអំឡុងពេលនៃវគ្គសម្ភាសន៍ចុងក្រោយ។ លោក Gabriel Tan បានកត់សម្គាល់ថា «ភាពសម្បូរបែប និងការប្តេជ្ញាចិត្តរបស់បេក្ខជនទាំងនេះ គឺជាចំណុចលេចធ្លោរបស់ពួកគេ។ សេចក្តីប្រាថ្នារបស់ពួកគេ និងគោលដៅដែលប្រើប្រាស់ជំនាញសិក្សាសម្រាប់ អភិវឌ្ឍន៍នាពេលអនាគត ផ្តល់ឱ្យយើងនូវទំនុកចិត្តលើសក្តានុពលរបស់ពួកគេក្នុងការរួមចំណែកដល់ការ រីកចម្រើនរបស់ប្រទេសកម្ពុជា។»

ចំពោះដំណើរការជ្រើសរើសនិសិ្សតសម្រាប់អាហារូបករណ៍នេះ ត្រូវបានធ្វើឡើងដោយម៉ត់ចត់ ការវាយតម្លៃ ផ្តោតសំខាន់លើ សមិទ្ធិផលនៃការសិក្សា គុណភាពនៃភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការបង្ហាញចក្ខុវិស័យ សម្រាប់ការរីកចម្រើន ផ្ទាល់ខ្លួន និងសង្គមជាតិ។ ភាពខិតខំខ្នះខ្នែងរបស់បេក្ខជនក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ ប្រទេសកម្ពុជា គឺជាប្រធានបទដែលតែងតែលើកឡើងក្នុងបទសម្ភាសន៍។

គួរបញ្ជាក់ផងដែរថា លទ្ធផលបេក្ខជនដែលទទួលបានអាហារូបករណ៍ចំនួន ១០០ នាក់ នឹងត្រូវប្រកាសនាពាក់កណ្ដាល ខែមីនា នៅលើគេហទំព័រហ្វេសបុក និងវេបសាយផ្លូវការរបស់ មូលនិធិព្រីនស៍។

អាហារូបករណ៍ ចេន ហ្ស៊ី តែងតែឆ្ពោះទៅមុខជានិច្ចជាមួយនឹងការប្តេជ្ញាចិត្តក្នុងការជំរុញការបង្កើតថ្មី ភាពជា អ្នកដឹកនាំ និងការចូលរួមរបស់ប្រជាជនកម្ពុជា ប្រកបដោយគុណភាព និងគុណតម្លៃ ដោយស្ថិតក្រោមការ ដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី និង សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប។ កម្មវិធីនេះមានគោលបំណង ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់បណ្ដុះបណ្ដាល អ្នកដឹកនាំនាពេលអនាគតសម្រាប់ ប្រទេសកម្ពុជា។

អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។

ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលិទ្ធិភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ដើម្បីមាន ចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។

អំពីមូលនិធិព្រីនស៍៖

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព ។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស ។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដលប្រជាជនប្រមាណជាង ១.២លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦ លានដុល្លារ ។