កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមសិស្សានុសិស្សថ្នាក់ទី១២ ចំនួន១២រូបមកពីវិទ្យាល័យអារញ្ញសាគរ Caring for Cambodia (CFC) និងវិទ្យាល័យហ៊ុន សែន ប្រាសាទបាគងបានធ្វើទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីទទួលបានចំណេះដឹងជាក់ស្តែងអំពីដំណើរការរបស់ក្រុមហ៊ុនផ្ទាល់។
ដឹកនាំដោយលោកស្រី Rebecca Large នាយិការងប្រចាំសុីអេហ្វសុីនៅប្រទេសកម្ពុជា សិស្សានុសិស្សត្រូវបានណែនាំអំពីទិដ្ឋភាពផ្សេងៗនៃវប្បធម៌ការងារនៅក្នុងក្រុមហ៊ុន។ តាមរយៈការចែករំលែកបទពិសោធន៍ពីបុគ្គលិកដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនផ្ទាល់ សិស្សានុសិស្សក៏ទទួលបានការយល់ដឹងកាន់តែសុីជម្រៅអំពីរបៀបដែលសាជីវកម្មត្រូវបានដំណើរការនៅក្នុងព្រីនស៍គ្រុប។ ទាំងនេះជាការបង្ហាញផ្លូវទៅកាន់ពួកគាត់ឱ្យយល់ដឹងបន្ថែមទៀតអំពីការធ្វើការងារក្នុងក្រុមហ៊ុនមួយដែលកំពុងរីកចម្រើន និងរបៀបប្រតិបត្តិអាជីវកម្មចម្រុះ។
សិស្សម្នាក់ក្នុងចំណោមសិស្សដែលបានទស្សនកិច្ចសិក្សាបានលើកឡើងថា «ដំណើរទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបថ្ងៃនេះ គឺជាបទពិសោធន៍ថ្មី និងអស្ចារ្យសម្រាប់ខ្ញុំ»។ ប្អូនបន្តថា «ពួកយើងបានរៀនសូត្រយ៉ាងច្រើនអំពីទិដ្ឋភាពជាក់ស្តែងនៃដំណើរការអាជីវកម្ម ហើយវាជាការបំផុសគំនិតដល់ពួកយើងផងដែរឱ្យយល់ដឹងពីរបៀបដែលនាយកដ្ឋាន ឬដេប៉ាតឺម៉ង់ផ្សេងៗធ្វើការរួមគ្នា ដើម្បីសម្រេចគោលបំណងតែមួយឱ្យបានជោគជ័យ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សក៏បានធ្វើទំនាក់ទំនងជាមួយនឹងបុគ្គលិកវ័យក្មេងដែលមានទេពកោសល្យរបស់យើង ផ្តោះប្តូរ និងចែករំលែកបទពិសោធន៍ទៅកាន់ប្អូនៗ។ ពួកគេក៏បានសិក្សាអំពីគំនិតផ្តួចផ្តើមផ្សេងៗរបស់មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមមានកម្មវិធីអាហារូបករណ៍ ចេន ហ្សុី ដែលគាំទ្រដល់និស្សិតកម្ពុជាឱ្យទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងសាកលវិទ្យាល័យល្បីៗ។
មូលនិធិព្រីនស៍បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគំនិតផ្តួចផ្តើមផ្នែកអប់រំជាច្រើន និងផ្តល់សិទ្ធិអំណាចដល់យុវជន ដោយបំពាក់បំប៉ន់ពួកគេនូវចំណេះដឹងចាំបាច់ ដើម្បីឱ្យពួកគេមានឱកាសទទួលការអប់រំប្រកបដោយគុណភាព និងបណ្តុះបណ្តាលជំនាញសំខាន់ៗផ្សេងទៀតសម្រាប់អនាគតដ៏រុងរឿងរបស់ពួកគេ។