សួស្តីប្អូនៗនិស្សិតអាហារូបករណ៍ ចេន ហ្សុី! ទោះយើងងាកមកមើលពីសិក្ខាសាលារបស់យើង ដែលស្តីអំពីសារៈសំខាន់នៃការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព រៀបចំឡើងដោយមូលនិធិព្រីនស៍។
ក្នុងអំឡុងពេលសិក្ខាសាលា និស្សិតបានស្វែងយល់ពីជំនាញ និងរបៀបក្នុងការទំនាក់ទំនងសំខាន់ៗដូចជា ការកំណត់គោលដៅទំនាក់ទំនងឱ្យបានច្បាស់លាស់ ការយល់ដឹងពីទស្សនិកជន ការបង្កើតចំណុចនិយាយដែលមានឥទ្ធិពល និងជំនាញបច្ចេកទេសនៃការប្រើប្រាស់ពាក្យពេចន៍ និងការទំនាក់ទំនងដែលមិនប្រើប្រាស់ពាក្យពេចន៍។
និស្សិតក៏ទទួលបានបទពិសោធន៍ជាក់ស្តែងមួយចំនួនផងដែរ តាមរយៈការលេងហ្គេមត្រាប់ការទំនាក់ទំនងបែបកាយវិការ ការដោះស្រាយបញ្ហាទំនាក់ទំនងជាក្រុម និងការផ្តល់ជាមតិកែលម្អ រួមទាំងការបង្កើតផែនការសកម្មភាពផ្ទាល់ខ្លួនក្នុងការបង្កើនកម្រិតជំនាញទំនាក់ទំនងរបស់ពួកគេ។
ជាលទ្ធផលក្រោយការបញ្ចប់វគ្គសិក្ខាសាលាមួយថ្ងៃនេះ ៩៨ ភាគរយនៃនិស្សិតដែលបានចូលរូមបានសម្តែងនូវការពេញចិត្តខ្ពស់ និងបង្ហាញថាពួកគេបានកើនទំនុកចិត្តជាងមុនជាមួយនឹងកម្រិតជំនាញទំនាក់ទំនងរបស់គេ។ ជាង ៩០ភាគរយនៃអ្នកចូលរួមបានឆ្លុះបញ្ជាំងថា ពួកគេមានការយល់ដឹងកាន់តែសុីជម្រៅបន្ថែមទៀតអំពីសារៈសំខាន់នៃការទំនាក់ទំនង និងរបៀបពាក់ព័ន្ធផ្សេងទៀតនៃការទំនាក់ទំនងដែលមានប្រសិទ្ធភាព។
ត្រៀមខ្លួននិស្សិតអាហារូបករណ៍ ចេន ហ្សុី! ឆ្ពោះទៅរកការទំនាក់ទំនងមូយដែលមានប្រសិទ្ធភាព និងគ្មានព្រំដែនសម្រាប់អនាគតកាន់តែប្រសើររបស់យើង ជាមួយនឹងមូលនិធិព្រីនស៍ និងកម្មវិធីអាហារូបករណ៍ ចេន ហ្សុី៕