ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបង្ហាញនិងប្រគល់នាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ ២៥ គ្រឿងប៉ុណ្ណោះ ជូនជាអំណោយដល់ថ្នាក់ដឹកនាំពិភពលោកនានាដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នាឡិកាដៃ ASEAN Lotus Tourbillion ត្រូវបានរចនានិងផ្តុំឡើងជាពិសេស ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតនាឡិកានៅកម្ពុជា ដែលនាឡិកាដៃប្រណិតប្រភេទ ASEAN Lotus Tourbillion នេះ បានបញ្ជាក់អំពីស្មារតីនៃការរួបរួមរបស់ប្រទេសជាសមាជិកអាស៊ានដែលមិនអាចកាត់ថ្លៃបាន និងជាតំណាងនៃកម្លាំងចលនាដ៏មុតមាំក្នុងការជំនះគ្រប់ឧបសគ្គ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រទេសជាសមាជិក និងប្រទេសជាដៃគូសន្ទនាទាំងអស់។ ជាមួយគ្នានេះ នាឡិកាដៃចំនួន ២៥គ្រឿងនេះ គឺជាអំណោយចំណងអនុស្សាវរីយ៍សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន គឺជាឆ្នាំមួយដែលត្រូវបានសម្គាល់ដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដៃគូខាងក្រៅនានា និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី […]
