សេចក្តីថ្លែងការណ៍រួមដោយ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និង ក្រុមហ៊ុនមេធាវី DUANE MORRIS & SELVAM LLP ក្នុងការឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ លោក JACK ADAMOVIĆ DAVIES ដោយ សារព័ត៌មាន THE DIPLOMAT

Categories
2024 អាជីវកម្ម

ទស្សនាវដ្ដីព័ត៌មានអនឡាញ The Diplomat បានចុះផ្សាយបទសម្ភាសន៍ជាមួយ «អ្នកសារព័ត៌មាន» ឯករាជ្យដែលមានមូលដ្ឋាននៅប្រទេសស៊ែប៊ី គឺលោក Jack Adamović Davies ដែលថ្មីៗនេះបានសរសេរអត្ថបទចំនួនបី ដែលធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹង ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ អត្ថបទទាំងនេះត្រូវបានចុះផ្សាយក្នុងអំឡុងពេលចូលឆ្នាំចិន។

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមធ្វើការឆ្លើយតបទៅនឹងបទសម្ភាសន៍ដូចខាងក្រោម៖

  1. ១ៅក្នុងបទសម្ភាសន៍ លោក Davies បានទទួលស្គាល់ថា គាត់បានលះបង់រយៈពេល ៣ ឆ្នាំកន្លងមកនេះ ក្នុងការកសាងសំណុំរឿងជុំវិញការរៀបរាប់ពី ប្រាក់ចំណេញរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺបានមកពីឧក្រិដ្ឋកម្មឆ្លងដែន។ លើសពីនេះ លោក Davies បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពុករលួយដែលបាន «រំលោភអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា» ដើម្បីការពារក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងប្រធានក្រុមហ៊ុនគឺលោក ចេនហ្ស៊ី។
  2. នៅចុងបញ្ចប់នៃការស៊ើបអង្កេតរយៈពេល បី ឆ្នាំនេះ លោក Davies បានទទួលស្គាល់ថា «យើងនៅតែមិនអាចនិយាយឱ្យច្បាស់ថាតើលុយរបស់គាត់ទាំងអស់បានមកពីណានោះទេ»។ ម្យ៉ាងទៀត លោក Davies មិនអាចកំណត់រកឃើញភស្តុតាងជាក់ស្តែងចំពោះការចោទប្រកាន់របស់លោកបានទេ។
  3. ទោះយ៉ាងណាក៏ដោយ លោក Davies បានបន្តពង្រីកនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់លោក ដោយបានលើកហេតុផលផ្សេងៗដើម្បីពន្យល់អំពីមូលហេតុដែលគាត់នៅតែជឿជាក់ថាការសង្ស័យរបស់គាត់គឺត្រឹមត្រូវ។ ហេតុផលទាំងនេះគឺគ្មានមូលដ្ឋានគ្រប់គ្រាន់នោះទេ ហើយយើងបានលើកឡើងរួចហើយនៅក្នុងការបំភ្លឺពីមុនរបស់យើង ដែលបានចុះផ្សាយបន្តបន្ទាប់នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤, ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ និងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ លើសពីនេះ យើងក៏បានផ្សព្វផ្សាយការបំភ្លឺទាំងនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសកម្ពុជា ដូចជា សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) សារព័ត៌មាន ខ្មែរថាមស៍ (Khmer Times) សារព័ត៌មាន Cambodia Investment Review និង សារព័ត៌មាន EAC News។ យើងក៏បានលើកឡើងម្តងទៀតនៅខាងក្រោម។
  4. ទី១ លោក Davies ចោទប្រកាន់ថា អាជ្ញាធររបស់ប្រទេសចិនបានស៊ើបអង្កេតក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាច្រើនឆ្នាំមកហើយ។ លោកបានចោទប្រកាន់បន្ថែមទៀតថា អាជ្ញាធររបស់ប្រទេសចិនបានកំណត់រកឃើញប្រាក់ចំណេញប្រមាណ ៧០០ លានដុល្លារសហរដ្ឋអាមេរិក ដែលទាក់ទិនទៅនឹងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានចោទប្រកាន់ថាបានមកពីអាជីវកម្មល្បែងអនឡាញខុសច្បាប់ និងប្រតិបត្តិការលាងលុយកខ្វក់។ ការចោទប្រកាន់នេះជារឿងមិនពិត។ តុលាការចិនមិនបានស្រាវជ្រាវឃើញថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលប្រាក់ចំណេញ ឬមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ណាមួយឡើយ ហើយអាជ្ញាធររបស់ប្រទេសចិនមិនបានធ្វើការកោះហៅនាយកប្រតិបត្តិរបស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ណាមួយមកសាកសួរនោះទេ។ តាមពិតទៅ លោក Davies ខ្លួនឯងបានទទួលស្គាល់ថា អាជ្ញាធរប្រទេសចិនមិនបានចោទប្រកាន់អ្នកគ្រប់គ្រងណាមួយរបស់ ព្រីនស៍ ហូលឌីង គ្រុប នោះទេ កុំថាឡើយឈានដល់ការផ្តន្ទាទោស។
  5. ទី២ លោក Davies ចោទប្រកាន់ថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ដោយអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ក្រុមហ៊ុន ព្រីនស៍ គ្រុប ជាអ្នកគ្រប់គ្រងក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងសកម្មភាពលាងលុយកខ្វក់។ ការចោទប្រកាន់នេះជារឿងមិនពិត។ លោក Davies មិនបានកំណត់រកឃើញសូម្បីមួយករណីលើមូលនិធិដែលត្រូវបានផ្ទេរទៅ ឬផ្ទេរចេញពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងល័ក្ខខណ្ឌ ឬពីអង្គភាពគួរឱ្យសង្ស័យណាមួយនោះទេ។ លោក Davies ក៏មិនបានកំណត់ឃើញថាមានករណីណាមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រីនស៍ ហូលឌីង គ្រុប ដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ក្នុងអត្ថបទដ៏វែងទាំងបី របស់លោកនោះដែរ។ លោកមិនបានកំណត់រកឃើញករណីណាមួយទេដោយសារតែករណីទាំងនោះមិនបានកើតឡើងឡើយ។
  6. ទី៣ លោក Davies អះអាងថា លោកបានកំណត់រកឃើញ «ទំនាក់ទំនងរវាងក្រុមហ៊ុន ព្រីនស៍ គ្រុប» និងគណៈគ្រប់គ្រងរបស់ «សួនឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហ្គោលដេន ហ្វ័រឈូន» ដែលទាក់ទិនទៅនឹងរឿងរ៉ាវនៃការធ្វើទារុណកម្ម និងការឃុំឃាំងកម្មករ។ ទោះជាយ៉ាងណាក្តី លោកបានមិនបានធ្វើការកំណត់បង្ហាញពី «ទំនាក់ទំនង» បែបណា ឬ ជាមួយអ្នកណានោះទេ។ នេះដោយសារតែការចោទប្រកាន់របស់លោក Davies មិនពិត។ លោក Davies មិនអាចកំណត់បាននូវអត្តសញ្ញាណបុគ្គលិក ម្ចាស់ភាគហ៊ុន ឬអ្នកគ្រប់គ្រង ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ណាមួយត្រូវជាបុគ្គលិក ម្ចាស់ភាគហ៊ុន ឬអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ដែលគ្រប់គ្រងបរិវេណដូចដែលលោកបានចោទប្រកាន់នោះទេ។ ជាថ្មីម្តងទៀត លោក Davies មិនអាចកំណត់រកឃើញភស្តុតាងសន្និដ្ឋានណាមួយចំពោះការចោទប្រកាន់របស់លោកបានទេ។
  7. ៧ៅចំណុចស្នូលនៃការចោទប្រកាន់របស់លោក Davies គឺមានទស្សនៈមូលដ្ឋានចំនួនបី៖ (១) តាមសំដីរបស់លោកផ្ទាល់ លោក Davies មិនអាចយល់ពីរបៀបដែលជនអន្តោរប្រវេសន៍ម្នាក់អាចមានសមត្ថភាពក្លាយខ្លួនទៅជាបុគ្គលដ៏សំខាន់នៅប្រទេសកម្ពុជា (២) លោក Davies មិនអាចទទួលយកបានថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប អាចទទួលបានភាពជោគជ័យដោយផ្អែកលើគុណសម្បត្តិរបស់ខ្លួននោះឡើយ ហើយ (៣) លោក Davies មានទស្សនៈយល់ឃើញយ៉ាងមុតមាំថា ភាពជោគជ័យទាំងអស់ដែលបានកើតឡើងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តំបន់អាស៊ី គឺជាសមិទ្ធិផលនៃឧក្រិដ្ឋកម្ម និងអំពើពុករលួយ។ ការគិតបែបនេះ គឺជាការរើសអើងពូជសាសន៍ ការមានគំនិតរាក់កំផែល និងជាផលជំរុញដោយការរើសអើងយ៉ាងច្បាស់ ដែលបានធ្វើឱ្យលោក Davies ក្លាយជាមនុស្សមានគំនិតជាប់គាំងនៅក្នុងការចោទប្រកាន់របស់ខ្លួន ទោះបីជាអ្វីដែលលោកមាននោះគឺជាពាក្យចចាមអារ៉ាម និងទំនាក់ទំនងផ្សារភ្ជាប់មិនច្បាស់លាស់ក៏ដោយ។
  8. ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលធ្វើឡើងដោយលោក Davies។ វាជារឿងគួរឱ្យសោកស្តាយដែលលោក Davies នៅតែបន្តរអះអាងដោយអំណោះអំណាងគ្មានមូលដ្ឋានច្បាស់លាស់របស់លោក អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្រោមឈ្មោះជា «អ្នកសារព័ត៌មាន» ដែលមានតែភាពរំជើបរំជួល ការជំរុញលើនិន្នាការផ្ទាល់ខ្លួន និងភាពគ្មានទំនួលខុសត្រូវ។

ដូចដែលបានបញ្ជាក់ពីមុន ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទាក់ទងជាមួយ ក្រុមហ៊ុនមេធាវី Duane Morris & Selvam LLP ដើម្បីផ្តល់ប្រឹក្សាអំពីសិទ្ធិរបស់ខ្លួន និងការចាត់វិធានការបន្ទាប់ដ៏សមស្របណាមួយ។

ដោយ
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប
ក្រុមហ៊ុនមេធាវី Duane Morris & Selvam LLP