មិនយូរប៉ុន្មានបន្ទាប់ពីអត្ថបទមុនរបស់ វិទ្យុសេរីអាស៊ី ដែលយើងបានឆ្លើយតបទៅហើយ តាមរយៈតំណភ្ជាប់នេះ https://www.princeholdinggroup.com/2024/02/06/joint-statement-by-prince-holding-group-and-duane-morris-selvam-llp-2/ វិទ្យុអាស៊ីសេរី បានចេញផ្សាយអត្ថបទទី២ ដែលមានចំណងជើងថា «ភាពមិនប្រក្រតីជាច្រើនក្នុងប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) នៅក្រៅប្រទេស» នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិន។
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមធ្វើការឆ្លើយតបចំពោះអត្ថបទដូចខាងក្រោម៖
- ពេលវេលានៃអត្ថបទនេះគឺបង្ហាញច្បាស់ពីបំណងអាក្រក់ ហើយចង់ធ្វើបាប ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រងការខូចខាតជាអតិបរមា។ ការជ្រើសរើសពេលវេលាបែបនេះ ហាក់ដូចជាអ្នកនិពន្ធបានធ្វើការគណនា ដោយសន្មតថា នឹងមិនមានក្រុមផ្នែកទំនាក់ទំនង និងក្រុមផ្នែកច្បាប់របស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ទំនេរនៅអំឡុងពេលនេះនោះទេ អាស្រ័យហេតុនេះ ក៏បានពង្រីកការបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ក្នុងអំឡុងពេលស្ងប់ស្ងាត់ជាធម្មតានេះ។
- ការចោទប្រកាន់សំខាន់នៅក្នុងអត្ថបទនេះគឺថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចូលរួមក្នុងការលាងលុយកខ្វក់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានចោទប្រកាន់មានឈ្មោះថា ក្រុមហ៊ុន Amiga Entertainment។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេ ដែលអត្ថបទមិនបានលើកឡើងពីករណីជាក់លាក់ណាមួយពី ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប លើការផ្ទេរ ឬទទួលប្រាក់ ទៅកាន់ តាមរយៈ ឬ ពីក្រុមហ៊ុន Amiga Entertainment នោះទេ។
- ក្រុមហ៊ុន Amiga Entertainment មិនមែនជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខារបស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នោះទេ។ ផ្ទុយទៅនឹងការចោទប្រកាន់នៅក្នុងអត្ថបទនេះផងដែរ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មិនមានកម្មសិទ្ធិផ្ទាល់ ឬដោយប្រយោលលើផលប្រយោជន៍នៅក្នុងក្រុមហ៊ុន Amiga Entertainment នោះទេ។
- ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មិនមានទំនាក់ទំនងអាជីវកម្ម ហើយក៏មិនដែលបានចូលទៅក្នុងប្រតិបត្តិការណាមួយជាមួយ ក្រុមហ៊ុន Amiga Entertainment ដែរ។
- អាជីវកម្មរបស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានដូចជាការវិនិយោគ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមិនមានសកម្មភាពអាជីវកម្ម ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសគុយបា ឬ កោះម៉ាន់ (Isle of Man) នោះទេ។ ក្រុមហ៊ុនប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់ និងស្តង់ដារបទប្បញ្ញត្តិទាំងអស់នៅក្នុងប្រទេសដែលខ្លួនប្រតិបត្តិការ។
- ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មិនមានការចូលរួមក្នុងការលាងលុយកខ្វក់ ឬសកម្មភាពខុសច្បាប់ ហើយមិនបានផ្ទេរ ឬទទួលមូលនិធិតាមរបៀបដែលត្រូវបានចោទប្រកាន់ ឬតាមរយៈអង្គភាពដែលមានឈ្មោះក្នុងអត្ថបទនោះទេ។
- លោក Jack Adamović Davies អ្នកនិពន្ធអត្ថបទដែលជាអ្នករស់នៅប្រទេសស៊ែប៊ី ធ្លាប់មានប្រវត្តិនៃការសងសឹកផ្ទាល់ខ្លួនប្រឆាំងនឹង ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ នៅក្នុងអត្ថបទមុនដែលបានចេញផ្សាយក្នុងឆ្នាំ ២០២០ លោក Davies បានចោទប្រកាន់ថាទ្រព្យសម្បត្តិរបស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺជាលទ្ធផលនៃទំនាក់ទំនងនយោបាយរបស់ខ្លួននៅក្នុងប្រទេសចិន។ នៅក្នុងវេនដ៏ចម្លែកមួយនេះ លោក Davies ឥឡូវនេះបានចោទប្រកាន់ថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺជាគោលដៅនៃយុទ្ធនាការបង្ក្រាបដោយអាជ្ញាធរប្រទេសចិន។ ការនិទានរឿងផ្ទុយគ្នាទាំងនេះ បង្ហាញឱ្យឃើញថា លោក Davies ចាប់អារម្មណ៍លើការសរសេររឿងដែលរំជួលចិត្តជាជាងការពិត។
- ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជោគជ័យបំផុតជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសំខាន់តាមរយៈ ផ្នែកសប្បុរសធម៌របស់ខ្លួនមកកាន់ប្រទេសកម្ពុជាផងដែរ។ វាជាការល្បួងសម្រាប់អ្នកនិពន្ធដែលគ្មានការទទួលខុសត្រូវដូចជាលោក Davies ឱ្យសន្មតជោគជ័យរបស់ក្រុមហ៊ុន គឺតាមរយៈប្រភពខុសច្បាប់ ឬមិនច្បាស់លាស់។ ការចោទប្រកាន់បែបនេះជំរុញដើម្បីទាក់ទាញឱ្យមានអ្នកមើល។ យ៉ាងណាក៏ដោយ អ្នកសារព័ត៌មានមានកាតព្វកិច្ចក្នុងការប្រព្រឹត្តដោយការទទួលខុសត្រូវ។ ការចោទប្រកាន់របស់លោក Davies មកលើ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺផ្អែកទាំងស្រុងលើ «ប្រភពអនាមិក» និងការសន្មតប៉ុណ្ណោះ។ អ្វីទាំងនេះមានបង្ហាញយ៉ាងច្រើនអំពីសេចក្តីទុកចិត្តជឿជាក់របស់ពួកគេ។
- ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន និងឆ្លើយតបបន្ថែមទៀតចំពោះអត្ថបទនៅចំនុចប្រសព្វសមស្របណាមួយ ហើយកំពុងពិគ្រោះជាមួយ ក្រុមហ៊ុនមេធាវី Duane Morris & Selvam LLP ដែលជាទីប្រឹក្សាផ្នែកច្បាប់របស់ខ្លួន ។
ដោយ
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប
ក្រុមហ៊ុនមេធាវី Duane Morris & Selvam LLP