សេចក្តីថ្លែងការណ៍រួមដោយ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និង ក្រុមហ៊ុនមេធាវី DUANE MORRIS & SELVAM LLP

Categories
2024 អាជីវកម្ម

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានដឹងអំពីអត្ថបទមួយរបស់ វិទ្យុអាស៊ីសេរី ដែលមានចំណងជើងថា តុលាការប្រទេសចិន តាមដានសម្ព័ន្ធក្រុមហ៊ុនកម្ពុជាដែលមាន«កេរ្តិ៍ឈ្មោះអាក្រក់» និងបានទាក់ទង ក្រុមហ៊ុនមេធាវី Duane Morris & Selvam LLP ដើម្បីផ្តល់យោបល់លើសិទ្ធិរបស់ខ្លួន និងវិធានការបន្ទាប់។

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ប្រកាន់ជំហរថាអត្ថបទនេះមានព័ត៌មានមិនពិត និងការនិយាយបំភាន់ជាច្រើនប៉ុន្តែមិនកំណត់ចំនួន រួមមានចំណុចខាងក្រោម ៖

(១) អត្ថបទនេះបានចោទប្រកាន់ថាប្រាក់ចំណូលរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺបានមកពីឧក្រិដ្ឋកម្ម ហើយថាតុលាការចិនមានចេតនាក្នុងការបន្តសំណុំរឿងប្រឆាំងនឹងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សម្រាប់ «ការលាងលុយកខ្វក់ដ៏ច្រើន»។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការពិនិត្យឡើងវិញកាន់តែស៊ីជម្រៅនៃអត្ថបទនេះ បានបង្ហាញថាគឺជាការប៉ាន់ស្មាន ហើយអ្នកនិពន្ធមិនមានគោលបំណងមូលដ្ឋានណាមួយសម្រាប់ការចោទប្រកាន់នេះទេ។

(២) អត្ថបទនេះអះអាងថា មានសាលក្រមយ៉ាងតិចចំនួន ៧ ពីតុលាការខេត្តផ្សេងៗគ្នារបស់ប្រទេសចិន ដោយបានផ្តន្ទាទោសបុគ្គលិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ពីបទលាងលុយកខ្វក់ និងបទល្មើសល្បែងស៊ីសង។ អត្ថបទអះអាងនេះ ជារឿងមិនពិតនោះទេ។ ប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រង និងនិយោជិតរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មិនត្រូវបានកាត់ទោសពីបទល្មើសទាំងនេះទេ។ នេះជាករណីក្លែងបន្លំថាជាក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដោយបុគ្គលមិនស្របច្បាប់ផ្សេងទៀតដែលត្រូវបាននាំមកកាត់ទោស។

(៣) អត្ថបទណែនាំថា ជីនប៉ី គ្រុប ដែលជាប្រតិបត្តិករកាស៊ីណូដែលមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសកម្ពុជា គឺជាក្រុមហ៊ុនដែលមានទំនាក់ទំនង ឬជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ នេះគឺជាការបំភាន់។ ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប លោក ចេន ហ្ស៊ី បានដកភាគហ៊ុនទាំងស្រុងពីក្រុមហ៊ុនជីនប៉ី ចាប់តាំងពីឆ្នាំ២០១៨។ ចាប់តាំងពីពេលនោះមក លោក ចេន ហ្ស៊ី និងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មិនមានទំនាក់ទំនងជាមួយ ជីនប៉ី គ្រុប នោះទេ។

(៤) អត្ថបទនេះបានចោទប្រកាន់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថាបានជ្រើសរើសបុគ្គលិក គឺកញ្ញា គ័រ ឆាយណា (Guo Caina) ដែលជាអ្នកផ្ទេរប្រាក់ខុសច្បាប់ និងប្រើប្រាស់កាតធនាគារចិនរបស់នាងដើម្បីផ្ទេរប្រាក់ ប្រមាណជាង ១៤០ លានយ័ន នៅក្នុងមូលនិធិល្បែងស៊ីសង។ ការចោទប្រកាន់នេះគឺមិនពិតនោះទេ។ កញ្ញា គ័រ (Guo) គឺមិនត្រូវបានជ្រើសរើសជាបុគ្គលិក និង មិនមែនជាបុគ្គលិក ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នោះទេ។

(៥) នៅឆ្នាំ ២០២១ តុលាការប្រជាជនស្រុកមួយក្នុងខេត្តហ៊ឺណាន (Henan) ប្រទេសចិន បានរកឃើញថា កញ្ញា គ័រ (Guo) ត្រូវបានជ្រើសរើសជាបុគ្គលិកដោយក្រុមហ៊ុនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយ ដែលអះអាងថាជាផ្នែកនៃ «សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប» នៅប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសាលក្រមដែលត្រូវបានពិនិត្យដោយ ក្រុមហ៊ុនមេធាវី Duane Morris & Selvam តុលាការមិនបានធ្វើការសម្រេចថាតើក្រុមហ៊ុនល្បែងស៊ីសងនេះពិតជាពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែរឬទេ។ នេះជាភស្តុតាងសម្រាប់បុគ្គលណាដែលអានសាលក្រមរបស់តុលាការ។

(៦) វាហាក់ដូចជាអត្ថបទនេះត្រូវបានសរសេរដោយអ្នកកាសែតបរទេសពីររូបដែលមានបទពិសោធន៍នៅមានកម្រិតក្នុងច្បាប់របស់ប្រទេសចិន លើហេតុផលដែលគួរឱ្យសង្ស័យ និងមានភាពលម្អៀងប្រឆាំងទៅនឹងកម្ពុជា។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានការខកចិត្តចំពោះអ្នកកាសែតទាំងនេះដែលបរាជ័យក្នុងការត្រួតពិនិត្យមូលដ្ឋាននៃការពិត មុនពេលសរសេរអត្ថបទនេះ។

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន និងឆ្លើយតបបន្ថែមទៀតចំពោះអត្ថបទនៅចំនុចប្រសព្វសមស្របណាមួយ។

ដោយ
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប
ក្រុមហ៊ុនមេធាវី Duane Morris & Selvam LLP