មូលនិធិព្រីនស៍ បានធ្វើការឧបត្ថម្ភក្នុងកម្រិតថ្នាក់“ប្រាក់”ដល់កម្មវិធីរាត្រីសប្បុរសធម៌ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) ដោយបានរៃអង្គាសថវិកា ដើម្បីចូលរួមជួយធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តដែលគ្មានមីនមួយទៀតនៅកម្ពុជា។
ដើម្បីចូលរួមក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការថ្នាក់ជាតិស្ដីអំពី “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” កម្មវិធីរាត្រីសប្បុរសធម៍របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) បានសហការរៀបចំរួមគ្នាជាមួយអាជ្ញាធរមីនកម្ពុជា (CMAA) ដោយបានប្រមូលផ្ដុំសាជីវកម្មសហការឧបត្ថម្ភចំនួន២១ និងអ្នកចូលរួមប្រមាណជិត ៥០០នាក់។
ជាមួយគ្នានេះ ភ្ញៀវកិត្តយសដែលបានអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (“CWBF”) និង ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា។
គូសបញ្ជាក់ថា ចំពោះថវិកាដែលរៃអង្គាសបានក្នុងកម្មវិធីសប្បុរសធម៍នេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការការពារអាយុជីវិតប្រជាជនដែលរស់នៅក្នុងខេត្តកំពង់ស្ពឺតាមរយៈប្រតិបត្តិការបោសសម្អាតមីន ដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។
លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា បានមានប្រសាសន៍ថា “ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងបីទសវត្សរ៍ យើងមានសេចក្តីសោមនស្សរីករាយក្នុងការរួមចំណែកដល់ប្រទេស មិនត្រឹមតែក្នុងការអភិវឌ្ឍអាជីវកម្មតាមរយៈការជំរុញការវិនិយោគរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវអនាគតដ៏មានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាផងដែរ”។
រួមជាមួយគ្នានេះផងដែរ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការបន្តការចូលរួមរបស់ខ្លួនក្នុងសកម្មភាពកំចាត់មីនតាមរយៈយុទ្ធនាការនេះ ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងតំបន់ និងអន្តរជាតិ។ យើងទន្ទឹងរង់ចាំក្នុងការរួមចំណែករបស់យើងក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”។
មូលនិធិព្រីនស៍ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីនកម្ពុជា (CMAA) ហើយបានប្តេជ្ញាចំពោះយុទ្ធនាការគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ នៅក្នុងខែកក្កដា មូលនិធិបានជួយលើកកម្ពស់ការយល់ដឹងតាមរយៈការផលិតវីដេអូសកម្មភាព និងបទសម្ភាសន៍ជាមួយអ្នកដោះមីនក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្តពោធិសាត់ ដែលរៀបចំដោយអាជ្ញាធរមីន និងមូលនិធិ The Sir Bobby Charlton ។ មូលនិធិព្រីនស៍ ក៏បានបង្ហាញពីការគាំទ្រជាបន្តបន្ទាប់ដល់ក្រុមបាល់បោះរទេះជនពិការកម្ពុជា ដែលកីឡាករភាគច្រើនជាជនរងគ្រោះដោយសារគ្រាប់មីន៕