អនាគតអ្នកផលិតនាឡិការរបស់កម្ពុជា ទទួលរៀបចំស្វាគមន៍ដំណើរទស្សនកិច្ចមន្រ្តីស្ថានទូតអីស្រ្តាលីនៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈព្រីនស៍នាឡិកា

Categories
2022 ESG

ថ្មីៗនេះ មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈព្រីនស៍នាឡិកា មានកិត្តិយសក្នុងការទទួលស្វាគមន៍លោក Ben Cumming លេខាទីមួយ ដើម្បីសិក្សាពីដំណើរការនៃការអភិវឌ្ឍធនធនមនុស្សសម្រាប់អនាគតអ្នកផលិតនាឡិកាជំនាញនៅក្នុងប្រទេសកម្ពុជា។

អ្នកតំណាងមកពីស្ថានទូត អូស្ត្រាលី បានទទួលការស្វាគមន៍ពី លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប និង អ្នកស្រី Jessica Thakur ដែលជាគ្រូបង្ហាត់បង្រៀនប្រចាំនៅមជ្ឈមណ្ឌលសញ្ជាតិអូស្ត្រាលីដែលបាន ទទួលការបណ្តុះបណ្តាលនៅប្រទេសស្វីស បានធ្វើការរៀបចំទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្ដៅ។

ក្នុងឱកាសនៃការចូលជួបសម្តែងការគួរសម គណៈប្រតិភូទាំងអស់ក៏បានជួបជាមួយយុវជនកម្ពុជាទាំង ៦នាក់ ដែលជាសិស្សនៅមជ្ឈមណ្ឌល និងបានស្វែងយល់អំពីសេចក្តីប្រាថ្នារបស់ពួកគេក្នុងការពង្រឹងជំនាញនេះសម្រាប់ស្នាដៃដ៏មានតម្លៃ និងស្តង់ដាអន្តរជាតិ។ បន្ទាប់ពីការធ្វើទស្សនកិច្ច យើងក៏បានរៀបចំការពិសាអាហារថ្ងៃត្រង់ដែលគណៈប្រតិភូទាំងអស់បានពិភាក្សាផងដែរអំពីឱកាសសហការអាជីវកម្មដ៏មានសក្តានុពលជាមួយសហគ្រាសអូស្ត្រាលីដែលមានវត្តមាននៅកម្ពុជា។

លោក Ben Cumming លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានដឹងថា សិស្សកម្ពុជាកំពុងរៀនពីគ្រូជំនាញដើមកំណើតអូស្ត្រាលីដែលមានបទពិសោធន៍ និងធ្វើឱ្យមានភាពខុសប្លែកគ្នាជាវិជ្ជមានសម្រាប់ការអប់រំបណ្តុះបណ្ដាលវិជ្ជាជីវៈនៅក្នុងប្រទេស”។ លោកបានបន្តថា “ដំណើរទស្សនកិច្ចនេះ ជាការចុះសួរសុខទុក្ខសង្កេតមើលដំណើរការក្នុងការជួយផ្ដួចផ្ដើមការជួយពង្រឹងជំនាញដល់យុវជនកម្ពុជាដើម្បីសម្របខ្លួនឱ្យបានល្អសម្រាប់ជំនាញការងារនាពេលអនាគត”។

ជាមួយគ្នានេះផងដែរ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងមានមោទកភាពដែលបានរៀបចំទទួលគណៈប្រតិភូមកពីស្ថានទូតអូស្ត្រាលី ដើម្បីស្វែងយល់អំពីការបណ្តុះបណ្ដាលជំនាញដែលយើងបានផ្ដល់ឲ្យយុវជនកម្ពុជា។
យើងពិតមានកិត្តិយសណាស់ដែលមានឱកាសអាចដើរតួនាទីតូចមួយឆ្ពោះទៅរកការអភិវឌ្ឍន៍ទេពកោសល្យក្នុងព្រះរាជាណាចក្រ និងកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា”។

ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ព្រីនស៍ ហូលឌីង គ្រុប តែងយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍធនមនុស្សដើម្បីជួយដល់កំណើនសេដ្ឋកិច្ចសម្រាប់ព្រះរាជាចក្រកម្ពុជា។