តាមរយៈដំណើរទស្សនកិច្ច មូលនិធិព្រីនស៍យល់ដឹងពីឥទ្ធិពលនៃការចូលរួមពីស្ត្រីនឹងកម្ពុជាឆ្ពោះទៅរកអនាគតគ្មានមីន

Categories
2022 ESG

ក្នុងដំណើរទស្សនកិច្ច​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់​ តំណាង​មូលនិធិ​ព្រីនស៍ បាន​សិក្សាស្វែងយល់ថា
ស្រ្តីបានដើរតួសំខាន់ក្នុងការធ្វើ​ឱ្យ​កម្ពុជា​​មាន​លទ្ធភាព​សម្រេចបាន​​គោលដៅ​បោសសម្អាត​មីនឲ្យ​អស់បានយ៉ាងឆាប់រហ័សនាពេលអនាគត។

នៅឆ្នាំ២០២៥ កម្ពុជាមានគោលបំណងបញ្ចប់ការគំរាមកំហែងនៃការរងរបួសដែលបណ្តាលមកពីគ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ដែលសល់​ពី​សម័យ​សង្គ្រាម។ ​គិត​ចាប់ពី​ឆ្នាំ​​១៩៩២ កម្ពុជាបាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដោយសម្រេច​រំដោះ​ផ្ទៃដី​បាន ២,៣៧៩គីឡូម៉ែត្រ​ការ៉េ និងនៅសល់​ប្រមាណជាង ២,០០០គីឡូម៉ែត្រ​ការ៉េ ទៀត​។

នៅថ្ងៃទី6 ខែកក្កដា មូលនិធិព្រីនស៍ បានចូលរួមដំណើរទស្សនកិច្ចនៃកម្មវិធី “ឥទ្ធិពលស្ត្រីក្នុងសកម្មភាពកំចាត់មីន” ដែលរៀបចំដោយ អាជ្ញាធរមីនកម្ពុជា​ និងមូលនិធិ Sir Bobby Charlton រួមជាមួយនឹងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលទើបទទួលបានការតែងតាំងនាពេលថ្មីៗនេះ បានធ្វើការណែនាំគណៈប្រតិភូទៅកាន់ស្ត្រីជាអ្នកបោសសម្អាតមីន ដែលស្គាល់ថាជាអ្នកដោះមីន។

តំណាងគណៈប្រតិភូទាំងអស់ បានសិក្សាស្វែងយល់អំពីរបៀបដែលស្ត្រីកម្ពុជារៀនជំនាញដោះមីន និងបោសសម្អាតជាតិផ្ទុះដ៏ស្មុគស្មាញ ហើយអនុវត្តជាក់ស្ដែងក្នុងកិច្ចការនេះ។ មូលនិធិ បានធ្វើការប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនដើម្បីជួយលើកកម្ពស់ការយល់ដឹងទៅកាន់សមាជិកក្រុមហ៊ុន និងភាគីពាក់ព័ន្ធតាមរយៈការធ្វើវីដេអូសម្ភាសន៍ ក៏ដូចជាសកម្មភាពរបស់អ្នកដោះមីន។